( ត្បូងឃ្មុំ ): ដើម្បីធានាបាននូវសុខភាពសត្វពាហន: មិនឲ្យមានរោគជំងឺសារទឹក អុតក្ដាម និងដុំពកគោក្របី ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកចិញ្ចឹមគោក្របី មន្ត្រីជំនាញផ្នែកបសុធ្យាបាលខេត្តត្បូងឃ្មុំ បានបើកយុទ្ធនាការចុះពន្យល់ណែនាំប្រជាពលរដ្ឋ និងធ្វើជីវៈសុវត្ថិភាពចាក់វ៉ាក់សាំងការពារមេរោគ ជំងឺសារទឹក សត្វគោក្របីជូនប្រជាកសិករ នៅតាមកសិដ្ឋាន ក្រោលគោក្របី របស់ប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកតំបែរ ស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី ១២ និងថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦ ។
លោក កែន ច័ន្ទសុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានឲ្យដឹងនារសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦ ថា លោកបានដឹកនាំសហការី សហការជាមួយលោកប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ក្រុមប្រឹក្សាឃុំ មន្រ្តីកសិកម្មឃុំ អនុភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺឆ្លងគោ -ក្របី (សារទឹក) ជូនប្រជាពលរដ្ឋ ។
លោកអនុប្រធានការិយាល័យ ផ ប បានបន្តថា ជាលទ្ធផលក្នុងស្រុកតំបែរ ចាក់គោបាន ១៣៥ ក្បាល និងចែកថ្នាំសម្លាប់មេរោគដល់ពេទ្យសត្វភូមិ ចំនួន ២ ដប នៅស្រុកមេមត់ ចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ-ក្របីបានចំនួន ៤៦ ក្បាល និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាក់គោបាន ៣៥ ក្បាល និងក្របី ៦៧ ក្បាល សរុបទាំងអស់ គោ ២១៦ ក្បាល ក្របី ៦៧ ក្បាល ។
លោក កែន ចាន់សុជាតិ បន្ថែមថា បានពិនិត្យទីតាំងសត្តឃាដ្ឋានចំនួន ៥ ក្នុងនោះមានសត្តឃាតដ្ឋានក្រុមហ៊ុនស៊ីភី ស្រុកតំបែរ និងសត្តឃាតដ្ឋានក្រុងសួង រកឃើញផលិតផលខូចគុណភាពចំនួន ២៨ គីឡូក្រាម បានកំទេចចោល សម្រាប់ចែកចាយក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ព្រៃវែង កណ្តាល និងស្វាយរៀង ៕ ទ្រា ខ្នោ











No comments:
Post a Comment