( ប៉ៃលិន ): លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យដោយផ្ទាល់ នូវការបង្ករបង្កើនផលដំណាំបន្លែ ក្នុងខេត្តប៉ៃលិន ព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដែលធានាបាននូវតម្លៃសមរម្យ និងគុណភាព តាមបែបធម្មជាតិ ប្រកបដោយទំនុកចិត្ត មិនប៉ៈពាល់ដល់សុខភាព ។
លោកជំទាវបានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើ ការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺ ធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូន ប្រជាកសិករ ទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមាន សុវត្ថិភាព ដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេស ផលិតកសិផលទាំងបរិមាណ និងគុណភាព ទៅតាមតម្រូវ ការ ទីផ្សារក្នុងស្រុក និងនាំចេញ ។
លោកជំទាវអភិបាលខេត្តបានមានប្រសាសន៍បន្តថា នៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៍បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់អោយបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ជាសវាងការផលិតដែលគ្មានគុណភាព និងមិនមានទីផ្សារ ហើយ ជាក់ស្តែងបច្ចុប្បន្ននេះ ខេត្តប៉ៃលិន មានក្រុមហ៊ុនជាច្រើន កំពុងទទួលទិញបន្លែផ្លែឈើ និងកសិផលផ្សេងៗទៀត ដើម្បីធ្វើការវេចខ្ចប់និងសម្ងួត សម្រាប់នាំចេញ យកទៅលក់នៅក្រៅប្រទេស ដូចជាប្រទេសចិន, ប្រទេសវៀតណាម សហគមន៍អឺរុប និងសហរដ្ឋអាមេរិកជាដើម ។
ក្នុងនោះ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជម្រុញអោយពួកគាត់ បង្កើនការដាំដុះបន្លែ សរីរាង្គអោយបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកជំទាវនឹងជួយរកទីផ្សារជូនបងប្អូន ៕ ទ្រា ខ្នោ












No comments:
Post a Comment