( កំពង់ស្ពឺ ): កូនរដូវប្រាំងបានបន្តអូសបន្លាយបង្កផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករនៅទូទាំងខេត្តកំពង់ស្ពឺចំនួនជាង ៣ ម៉ឺនហិកតា ខណៈជិត ២០០ ហិកតាកំពុងជួយសង្គ្រោះ និងស្តារឡើងវិញ នេះបើតាមការឲ្យដឹងពីលោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ស្ពឺ នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៦ ។
លោកប្រធានមន្ទីរបានឱ្យដឹងថា គិតមកទល់ថ្ងៃនេះ គឺមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធរួមមានមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក បាននឹងកំពុងមម៉ាញឹកក្នុងការជួយអន្តរាគមន៍ នាំទឹកជួយសង្គ្រោះស្រូវរបស់ពលរដ្ឋដែលកំពង់រងផលប៉ះពាល់ដោយឥទ្ធិពលអេលីញ៉ូ និងកូនរដូវប្រាំងបង្កឱ្យស្រូវពលរដ្ឋនៅក្នុងស្រុក ក្រុងចំនួន ៧ នៃខេត្តកំពង់ស្ពឺរងផលប៉ះពាល់ ក្នុងនោះមានក្រុងច្បារមន ៦៦ ហិកតា ស្រុកបសេដ្ឋ ៤.៦២៣ ហិកតា ក្នុងនោះ ១៥៦ ហិកតាកំពុងស្តារឡើងវិញ ស្រុកគងពិសី ៩.៩០៨ ហិកតា ស្រុកឱរ៉ាល់ ៧៩៣ ហិកតា ស្រុកសំរោងទង ៥.៧២៩ ហិកតា ស្រុកថ្ពង ២.២០៤ ហិកតា និងស្រុកសាមគ្គីមុនីជ័យ ៩.១២៨ ហិកតា ។
លោកប្រធានបន្តថា បច្ចុប្បន្នមន្ទីរជំនាញទាំងពីរបានបើកប្រតិបត្តិការដាក់ម៉ាស៊ីនបូមទឹកពីប្រឡាយមេរលាំងជ្រៃខាងត្បូងបញ្ជូនទឹកទៅស្រុកសំរោងទង ក្រុងច្បារមន និងផ្នែកខ្លះនៃស្រុកគងពិសី ចំពោះប្រឡាយមេរលាំងជ្រៃខាងជើងបញ្ជូនទឹកទៅផ្នែកខ្លះនៃស្រុកសំរោងទងនិងក្រុងច្បារមន ហើយក្នុងនោះប្រភពទឹកនៃស្ទឹងតូច និងស្ទឹងព្រែកត្នោតក៏បាននិងកំពុងបូមទៅសង្គ្រោះស្រូវដែលរងផលបះពាល់នៅក្បែរនោះផងដែរ ។
លោក យឹម ណន បញ្ជាក់ទៀតថា ស្រូវដែលរងការខូចខាតទាំងស្រុងចំនួន ១៥៦ ហិកតា គឺជាស្រូវដើមរដូវ ហើយមន្ត្រីជំនាញកំពុងតែសសា្រក់សស្រាំអន្តរាគមន៍សង្គ្រោះ និងស្តារឡើងវិញ ។
សូមបញ្ជាក់ថា ផែនការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០២៦ គឺចំនួន ១២០.៥២៧ ហិកតា ហើយអនុវត្តបានលើការព្រោះ ស្ទូង គិតត្រឹមថ្ងៃទី ២៦ ខែសីហា បានចំនួន ១២៧.៥៨៧ ហិកតា ស្មើ ១០៥,៨៦% ប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២៥ កើនឡើងចំនួន ៨.២២៨ ហិកតា ៕ ទ្រា ខ្នោ
























No comments:
Post a Comment