( បន្ទាយមានជ័យ ): ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន គឺជាមូលដ្ឋានគតិយុត្តដ៏រឹងមាំក្នុងការលើកកម្ពស់កិត្តិយស និងជីវភាពរបស់បុគ្គលិកអប់រំ ។
ឯកឧត្តមថ្លែងបែបនេះកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅក្នុងសាលាចុងវ៉ា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងពិធីផ្សព្វផ្សាយព្រះរាជក្រឹត្យខាងលើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរស្ថាប័ន និងបុគ្គលិកអប់រំរាប់រយនាក់ ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការដាក់ចេញនូវលក្ខន្តិកៈ ដោយឡែកនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ និងលើកទឹកចិត្តដល់គ្រូបង្រៀន ដែលជាអ្នកបណ្តុះបណ្តាលធនធានមនុស្សផ្ទាល់ដើម្បីបញ្ជ្រាបការយល់ដឹងពីសិទ្ធិ កាតព្វកិច្ច និងរបបគោលនយោបាយថ្មីៗ ។
ឯកឧត្តមអភិបាលខេត្តបានជំរុញដល់នាយកសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពីខ្លឹមសារនៃព្រះរាជក្រឹត្យនេះ ដើម្បីធានាការអនុវត្តតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមក៏បន្ថែមថា ការពង្រឹងវិន័យ និងការយកចិត្តទុកដាក់បង្រៀននៅថ្នាក់មូលដ្ឋាន គឺជាកត្តាកំណត់ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍សង្គមជាតិ ៕ ទ្រា ខ្នោ


















No comments:
Post a Comment