( ត្បូងឃ្មុំ ): ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់កម្រិតសិក្សា ក្នុងស្រុកមេមត់ សរុបប្រមាណជិត ១,០០០ នាក់ ស្ថិតនៅទីស្នាក់ការទល់មុខអធិការដ្ឋាននគរបាលស្រុកមេមត់ នាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ប្រធានពន្ធនាគារខេត្ត, ប្រធានសាខាគយខេត្ត, នាយក នាយករងរដ្ឋបាល និងប្រធានទីចាត់ការចំណុះរដ្ឋបាលខេត្ត, លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តអាជ្ញាធរស្រុក និងមេឃុំទាំង ១៤ ក្នុងស្រុក ព្រមទាំងលោកគ្រូ អ្នកគ្រូ មកពីគ្រប់កម្រិតសិក្សាក្នុងស្រុកមេមត់ ។
លោក ស្រេង លី អភិបាលស្រុកមេមត់ បានឱ្យដឹងថា បច្ចុប្បន្នស្រុកមេមត់មានគ្រឹះស្ថានសិក្សាសរុបចំនួន ១៣២ សាលា (វិទ្យាល័យ ៥ អនុវិទ្យាល័យ ១១ បឋមសិក្សា ១០៧ និងមត្តេយ្យសិក្សា ៩) ដោយមានបុគ្គលិកអប់រំសរុប ៩០៦ នាក់ ។
លោកអភិបាលស្រុក បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យអប់រំត្រូវបានកំណត់ជាស្នូល និងជាអាទិភាពគន្លឹះក្នុង "យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១" ក្នុងការអភិវឌ្ឍធនធានមនុស្ស ។
ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដែលតែងតែយកចិត្តទុកដាក់ គាំទ្រទាំងស្មារតី សម្ភារ និងថវិកា ដល់ការអភិវឌ្ឍវិស័យអប់រំ និងមូលដ្ឋានស្រុកមេមត់ជាបន្តបន្ទាប់ ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលទំពាំងស្នងឫស្សី ។ ឯកឧត្តមបានបញ្ជាក់ថា ពិធីសំណេះសំណាលនេះ ធ្វើឡើងដើម្បីផ្តល់ការលើកទឹកចិត្ត ស្តាប់មតិយោបល់ ពិនិត្យពីបញ្ហាប្រឈមជាក់ស្តែង និងរួមគ្នាយ៉ាងសកម្មដើម្បីពង្រឹងគុណភាពអប់រំនៅមូលដ្ឋាន ។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា «គ្រូបង្រៀន» គឺជាបេះដូងនៃប្រព័ន្ធអប់រំ ជាអ្នកធានាគុណភាពនៃការសិក្សា និងជាអ្នកតម្រង់ទិសយុវជនកម្ពុជាឱ្យក្លាយជាពលរដ្ឋពេញលេញ ប្រកបដោយចំណេះដឹង និងសីលធម៌ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យឈានទៅសម្រេច «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ។
ឯកឧត្តមបានលើកឡើងពីអាទិភាពគន្លឹះទាំង ៤ នៃ «កំណែទម្រង់សាលាគរុកោសល្យ» ដែលក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តយ៉ាងសកម្ម រួមមាន ការកំណត់ចក្ខុវិស័យថ្មី៖ រៀបចំទិសដៅច្បាស់លាស់សម្រាប់វិជ្ជាជីវៈគ្រូបង្រៀន ការកែទម្រង់គ្រឹះស្ថាន៖ ពង្រឹង និងលើកកម្ពស់សមត្ថភាពគ្រឹះស្ថានបណ្តុះបណ្តាលគ្រូឱ្យទាន់សម័យកាល ការលើកកម្ពស់ជីវភាព និងសមត្ថភាព៖ ដំឡើងប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់ និងដំឡើងគុណវុឌ្ឍរបស់គ្រូបង្រៀន និងការអនុវត្តស្តង់ដាវិជ្ជាជីវៈ ផ្លាស់ប្តូរវិធីសាស្ត្របង្រៀន និងរៀនឱ្យមានភាពច្នៃប្រឌិត ដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្ស ។
ឯកឧត្តម ប៉ែន កុសល្យ បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ ទាំងអស់ បន្តពង្រឹងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដោយបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈ (CPD) ដើម្បីផ្លាស់ប្តូរបទពិសោធន៍បង្រៀនល្អៗ និងរួមគ្នាកសាងគ្រឹះអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន មានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងប្រែក្លាយកម្ពុជាទៅជា «សង្គមពុទ្ធិ និងវិបុលភាព» នាពេលអនាគត ។
ដើម្បីជាការទទួលស្គាល់ និងផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែង ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស (មេដាយ) ជូនដល់លោកគ្រូ-អ្នកគ្រូដែលមានស្នាដៃឆ្នើមចំនួន ៣២ រូប ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំដែលបានចូលរួមសរុបប្រមាណជិត ១.០០០ នាក់ ផងដែរ៕ ទ្រា ខ្នោ
ទ្រា ខ្នោ










































No comments:
Post a Comment