( ត្បូងឃ្មុំ ): ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តចំនួន ៩ វត្ត និងជួបសំណេះសំណាលជាមួយនិវត្តជន នៅវត្តសុវណ្ណមុន្នីជោតិ ហៅវត្តស្វាយតាមែក ស្ថិតនៅភូមិជ្រៃភ្លុក ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកតំបែរ ព្រមទាំងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកយាយ លោកតា ជាច្រើនអង្គនាក់ ។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អតីតយុទ្ធជន និងនិវត្តជន នៅទូទាំងប្រទេស ។
ឯកឧត្តមបានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយ ដែលមានសារសំខាន់ណាស់ ខាងផ្នែក ព្រះពុទ្ធសាសនា ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់បញ្ញត្តិក្នុងព្រះវិន័យឱ្យភិក្ខុទាំងឡាយគង់ចាំព្រះវស្សារយៈពេល ៣ ខែ។ នៅក្នុងអំឡុងពេលចូលព្រះវស្សា ទាំងព្រះសង្ឃ (អ្នកបួស) និងឃរាវាស (គ្រហស្ថ ឬពុទ្ធបរិស័ទ) សុទ្ធតែមានភារ:កិច្ចរៀងៗខ្លួន ដែលត្រូវបំពេញ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងអភិវឌ្ឍផ្លូវចិត្ត សម្រាប់ព្រះសង្ឃ ជាពេលវេលាបានសម្ងំអប់រំចិត្ត និងមានឱកាសពេញលេញក្នុងការសិក្សាទាំងគន្ធធុរៈ វិបស្សនាធុរៈ ពិភាក្សាធម៌វិន័យ ជម្រះនូវកិលេស តាមរយៈការចម្រើនសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន និងសម្តែងធម៌ទេសនាទូន្មានពុទ្ធបរិស័ទដែលអញ្ជើញមកវត្ត ឱ្យស្គាល់បាបបុណ្យ គុណទោស ។ ចំណែកឃរាវាស ជាឱកាសមាសក្នុងការសន្សំមហាកុសល ព្រោះបានធ្វើតួនាទី ជាពុទ្ធសាសនូបត្ថម្ភ (ទាយក) ក្នុងការផ្គត់ផ្គង់ចង្ហាន់ ទេយ្យទាន និងគ្រឿងសក្ការបូជាផ្សេងៗ ដើម្បីឱ្យព្រះសង្ឃគង់ចាំព្រះវស្សា មានភាពសប្បាយក្នុងការប្រព្រឹត្តកិច្ចវត្តប្រតិបត្តិផ្សេងៗ ។
ឯកឧត្តមបញ្ជាក់ថា ដូច្នេះ ការនាំទៀនវស្សា មកប្រគេនដល់ព្រះភិក្ខុសង្ឃនៅតាមបណ្តាវត្តនានេះ មិនត្រឹមតែជាការអភិរក្ស ថែរក្សាប្រពៃណីព្រះពុទ្ធសាសនាឱ្យគង់វង្ស ស្ថិតស្ថេរជានិច្ចនិរន្តរ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមគាំទ្រដល់ជីវភាពរស់នៅ ការសិក្សា ការប្រតិបត្តិរបស់ព្រះសង្ឃផងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់ព្រះគ្រូចៅអធិការគ្រប់វត្ត នៅក្នុងរដូវចូលព្រះវស្សានេះ បន្តយកព្រះទ័យទុកដាក់ខ្ពស់ ពង្រឹងសាលាពុទ្ធិកសិក្សាគ្រប់កម្រិតទាំងស្មារតី និងធនធាន ធ្វើយ៉ាងណាឱ្យពុទ្ធិកសិក្សាគ្រប់កម្រិតឈានឆ្ពោះទៅរកវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ហើយត្រូវសហការដោះស្រាយរាល់បញ្ហា និងអធិករណ៍ផ្សេងៗ ដែលកើតមាននៅតាមវត្តអារាមនីមួយៗ ទៅតាមយន្តការធម៌វិន័យ និងច្បាប់រដ្ឋ ដើម្បីធ្វើឱ្យវត្តអារាមក្លាយទៅជាបូជនីយដ្ឋាន ជាបុញ្ញខេត្ត ស្របតាម អភិក្រម ស ៣ គឺ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ របស់ក្រសួងធម្មការនិងសាសនា និងសក្ដិសមជាទីសក្ការបូជារបស់ព្រះសង្ឃ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ។ ជាងនេះទៀត ត្រូវបន្តយន្តតាមដានត្រួតពិនិត្យ ទប់ស្កាត់រាល់សកម្មភាពប្រព្រឹត្តខុសធម៌វិន័យ និងច្បាប់រដ្ឋ របស់ព្រះភិក្ខុ សាមណេរ ដូចជា ការប្រើប្រាស់ បណ្តាញសង្គមក្នុងផ្លូវអវិជ្ជមាន ការយកវត្តអារាមធ្វើជាកន្លែងឆបោក ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងហ្គេមអនឡាញជាដើម ដើម្បីចូលរួមអនុវត្តគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលុបបំបាត់ និងបោសសម្អាត Online Scams ។ ព្រោះសកម្មភាពទាំងនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អក្នុងសង្គម ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូននិវត្តជន (មន្ត្រីរាជការ បុគ្គលិក ឬកម្មករដែលបានចូលនិវត្តន៍)ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងប្រាជ្ញាស្មារតី ក្នុងការបម្រើជាតិមាតុភូមិ និងសង្គមជាតិ នាពេលកន្លងមក ដើម្បីគាំទ្រ និងតបស្នងចំពោះគុណបំណាច់របស់និវត្តជន រាជរដ្ឋាភិបាល កម្ពុជាបាននឹងកំពុងបន្តអនុវត្តគោលនយោបាយគាំពារសង្គមសំខាន់ៗ មានដូចជា ការដំឡើង និងបើកប្រាក់សោធននិវត្តន៍បានលឿនទាន់ពេលវេលា ២ ដងក្នុងមួយខែតាមប្រព័ន្ធធនាគារ ការកែសម្រួលដំឡើងកម្រិតប្រាក់សោធនអប្បបរមាជាបន្តបន្ទាប់ ៕




































No comments:
Post a Comment