www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, July 11, 2026

ប្រកាសលោក ចាន់ តុលា ចូលកាន់តំណែងជាប្រធានរតនាគារខេត្តត្បូងឃ្មុំថ្មី, ជំនួសលោក សុខ ភក្តី ដែលត្រូវចូលនិវត្តន៍

(ត្បូងឃ្មុំ): ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសលោក ចាន់ តុលា ចូលកាន់តំណែងជាប្រធានរតនាគារខេត្តត្បូងឃ្មុំថ្មី ជំនួសលោក សុខ ភក្តី ដែលត្រូវចូលនិវត្តន៍ នៅសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួង គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងមន្ត្រីរាជការជាច្រើនផងដែរ ។ ក្រោយពីលោក សុខ ភក្តី អតីតប្រធានរតនាគារខេត្ត ដែលត្រូវចូលនិវត្តន៍ បានអានរបាយការណ៍ស្វាគមន៍ ដោយលើកឡើងពីលទ្ធផលការងារជាច្រើនសម្រេចបាននាពេលកន្លងមក លោកបានបញ្ជាក់ថា ជោគជ័យទាំងនេះ កើតចេញពីស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត ក្នុងន័យធានាបាននូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការបើកផ្តល់ថវិការដ្ឋបានទាន់ពេលវេលា ។ លោក ចាន់ តុលា ប្រធានរតនាគារខេត្តត្បូងឃ្មុំថ្មី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត ដែលបានផ្តល់ទំនុកចិត្ត និងបានប្រកាសប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំនួន ៦ ចំណុច រួមមាន គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីរួមចំណែកសម្រេចឱ្យបាននូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ លោកប្រធានបានប្តេជ្ញាថា អនុវត្តដាច់ខាត តាមអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ប្រកាន់ខ្ជាប់អភិក្រមការងារទាំង ៤ របស់ក្រសួង គឺបំពេញការងារប្រកបដោយវិជ្ជាជីវៈនិងសីលធម៌, ធ្វើការជាក្រុម, មានស្មារតីបុរេសកម្មលើប្រសិទ្ធភាពថវិកា និងចេះកែទម្រង់កំហុសខ្លួនឯង ។ លោក ចាន់ តុលា បន្ថែមថា ជាពិសេសធានាការបើកផ្តល់ប្រាក់បៀវត្ស ជូនមន្ត្រីរាជការនៅតាមមន្ទីរ-អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានទៀងទាត់នៅសប្តាហ៍ទី២ និងសប្តាហ៍ទី៤ នៃខែ ពង្រឹងកិច្ចសហការជិតស្និទ្ធ ជាមួយគ្រប់អង្គភាពជុំវិញខេត្ត ក្នុងនាមជាគណនេយ្យករសាធារណៈ ដើម្បីជម្រុញការអភិវឌ្ឍខេត្ត។ បង្កើនសាមគ្គីភាពផ្ទៃក្នុង រតនាគារខេត្ត ក្នុងស្មារតីជាបងប្អូន និងជាមិត្តភក្តិស្មោះត្រង់ ។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងបំរើការងារបានយ៉ាងល្អ របស់លោកប្រធានចាស់ ដែលបានបំពេញការងារនាពេលកន្លងមក រហូតចូលនិវត្តន៍ និងបានសម្តែងការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ចាន់ តុលា ដោយរំពឹងថានឹងក្លាយជាកម្លាំងចលករថ្មី ក្នុងការជម្រុញប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងការផ្តល់សេវាសាធារណៈនៅក្នុងខេត្ត ឱ្យកាន់តែមានភាពរហ័ស និងមានទំនុកចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ ឯកឧត្តមបានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី សូមបន្តខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំសាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គម បម្រើសេវាសាធារណ:ផ្នែកហិរញ្ញវត្ថុ រួមចំណែកអភិវឌ្ឍខេត្ត ។ ដោយឡែកឯកឧត្តម ពេជ្រ សម្បត្តិ បានមានប្រសាសន៍កោតសរសើរស្នាដៃលោកប្រធានចាស់ ដែលបានសម្រេចនាពេលកន្លងមក និងបានផ្តាំផ្ញើរដល់លោក ចាន់ តុលា ទើបឡើងកាន់តំណែងថ្មី ត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន គោរពប្រតិបត្តិការងារឲ្យបានតាមការណែនាំ និងអនុវត្តតាម អភិក្រម៤ ប្រការ របស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ។ ឯកឧត្តមក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរតនាគារទាំងអស់ បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង បំពេញការងារដោយវិជ្ជាជីវៈខ្ពស់ និងសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ដើម្បីធានាថាថវិកាជាតិត្រូវបានប្រើប្រាស់ចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះផងដែរឯកឧត្តម ពេជ្រ សម្បត្តិ ក៏បានផ្ដាំផ្ញើដល់លោកប្រធានរតនាគារខេត្តត្បូងឃ្មុំថ្មី ត្រូវអនុវត្តតួនាទីឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការអនុវត្តស្របតាមគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀត ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages