( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពជាស្ថានពរ លើគម្រោងថែទាំខួបផ្លូវក្រាលល្បាយក្រួស ១ ខ្សែ នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ការចុះត្រួតពិនិត្យនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីបច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូប ។
គម្រោងផ្លូវថែទាំខួបក្រាលល្បាយក្រួសនេះ មានប្រវែង ១១.៩១០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងកម្រាស់ ២០ សង់ទីម៉ែត្រ ដោយប្រើប្រាស់ថវិការដ្ឋ (ជំពូក ៦១) ហើយអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ។
គណៈកម្មាធិការលទ្ធកម្មបានសម្រេចឯកភាពទទួលយក និងប្រកាសបញ្ចប់រយៈពេលធានាសុពលភាពជាស្ថានពរ លើគម្រោងផ្លូវនេះ បន្ទាប់ពី ពិនិត្យឃើញថា បានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានាបាននូវគុណភាពរឹងមាំ និងរៀបចំរួចរាល់ទាន់ពេលវេលា ។
ឯកឧត្តមបណ្ឌិតបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ឯកឧត្តមបណ្ឌិតក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បន្តយកចិត្តទុកដាក់តាមដាន និងថែទាំផ្លូវនេះជាប្រចាំ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ៕ ដោយ ទ្រា ខ្នោ
















No comments:
Post a Comment