www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, July 23, 2026

ឆមាសទី ១ ឆ្នាំ ២០២៦ ហិរញ្ញប្បទានសុខាភិបាលខេត្តត្បូងឃ្មុំ ផ្តល់សេវាពិនិត្យ-ព្យាបាលឥតគិតថ្លៃជូនពលរដ្ឋបានជាង ១០ ម៉ឺននាក់






(ត្បូងឃ្មុំ): គណៈកម្មការហិរញ្ញប្បទានសុខាភិបាលខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ ឆ្នាំ ២០២៦ នៅសាលប្រជុំធំមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការហិរញ្ញប្បទានខេត្ត និង លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្ត រួមជាមួយតំណាងមន្ទីរ-អង្គភាពជំនាញ ស្រុកប្រតិបត្តិទាំង ៧ ទីភ្នាក់ងារ NPCA បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងភាគីពាក់ព័ន្ធជាច្រើនរូប ។


លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរ បានរាយការណ៍អំពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងវិស័យសុខាភិបាល ព្រមទាំងបានគូសបញ្ជាក់ពីបញ្ហាប្រឈមធំៗ ដែលត្រូវរួមគ្នារកដំណោះស្រាយ ។ លោកបានឱ្យដឹងថា ក្នុងត្រីមាសទី ២ ឆ្នាំ ២០២៦ នេះ មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងខេត្ត បានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានសរុប ១០៥.៦៤១ នាក់ (ក្នុងនោះ ពលរដ្ឋក្រីក្រប្រើប្រាស់ប័ណ្ណសមធម៌ ៤៦.៩៤៥ នាក់ សមាជិក ប.ស.ស. ១៥.៥៨៤ នាក់ និងពលរដ្ឋទទួលបានការឧបត្ថម្ភផ្ទាល់ពីថវិកាមន្ទីរពេទ្យ ៤៣.១១២ នាក់)។ ជាមួយគ្នានេះ សេវាពិនិត្យជំងឺភ្នែក ក្នុងរយៈ ៥ខែដើមឆ្នាំ ក៏ពិនិត្យជូនពលរដ្ឋបានជាង ១ម៉ឺននាក់ និងវះកាត់ជំងឺបាយភ្នែក-ភ្នែកកន្ទុយថ្លែន បានជោគជ័យជាង ១,៣០០ ករណីផងដែរ ។
លោកឱសថការី ផុល ពន្លឺ បានគូសបញ្ជាក់ថា ចំពោះការងារអធិការកិច្ច សេវាសុខាភិបាលឯកជន ក្រុមការងារបានចុះត្រួតពិនិត្យបាន ១២៤ កន្លែង និងរកឃើញទីតាំងបើកអាជីវកម្មគ្មានច្បាប់អនុញ្ញាតចំនួន ៤ កន្លែង (បន្ទប់ថែទាំមាត់ធ្មេញ ១ និងបន្ទប់ថែទាំជំងឺ ៣) ដោយបានចុះណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ភ្លាមៗនៅនឹងកន្លែង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ។



យន្តការសុខាភិបាលខេត្ត នៅតែជួបប្រទះបញ្ហាប្រឈមសំខាន់ៗមួយចំនួនដូចជា
១. ការកើនឡើងនៃករណីឆ្លងមេរោគអេដស៍ថ្មីៗ ជាពិសេសក្នុងក្រុមបុរសស្រឡាញ់បុរស (MSM)
២. ការប្រជុំគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) នៅតាមតំបន់មួយចំនួន មិនទាន់បានទៀងទាត់
៣. ភាពមិនប្រក្រតីនៃការទូទាត់ថវិកាថ្លៃសេវាពីសំណាក់ ប.ស.ស. និង NPCA ដែលមានការកាត់ ឬបដិសេធករណីដោយមិនបានជូនដំណឹងមុន ដែលបង្កការលំបាកដល់ការគ្រប់គ្រងហិរញ្ញវត្ថុនៅមូលដ្ឋាន ។



លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយគុណធម៌ និងវិជ្ជាជីវៈខ្ពស់ ។



លោកជំទាវអភិបាលរងខេត្ត ក៏បានអំពាវនាវ និងសំណូមពរដល់អាជ្ញាធរដែនដី គ្រប់មន្ទីរ-អង្គភាព និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានស្អិតល្មួតក្នុងការចុះផ្សព្វផ្សាយអប់រំសុខភាពផ្ទាល់ដល់មូលដ្ឋាន ដោយផ្តោតសំខាន់លើវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃ «ជំងឺគ្រុនឈាម» នៅក្នុងសហគមន៍ ព្រមទាំងរួមគ្នារុញច្រានការផ្សព្វផ្សាយដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ «ជំងឺអេដស៍» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅការពារសុខុមាលភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំទាំងមូល ៕ ទ្រា ខ្នោ














No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages