(ត្បូងឃ្មុំ): ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី ៤ នៅសាលប្រជុំ (ខ) សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង «ស្តីពីការរៀបចំគម្រោងចំណូល-ចំណាយថវិកា តាមចំណាត់ថ្នាក់សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០២៧ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ» ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានពន្ធនាគារខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ។
ឯកឧត្តម ឡុង ធាម បានមានប្រសាសន៍ថា គម្រោងថវិកាឆ្នាំ ២០២៧ គឺជាផែនទីចង្អុលផ្លូវ និងជាឧបករណ៍យុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការបែងចែកធនធានរដ្ឋឱ្យមានប្រសិទ្ធភាព ទិន្នផលខ្ពស់ និងតម្លាភាព ដោយផ្តោតលើកិច្ចការងារអាទិភាពចំនួន ៤ រួមមាន ការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការលើកកម្ពស់គុណភាពសេវាសាធារណៈ, ការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងខេត្តទាំងមូល ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញឱ្យគ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ធានាបាននូវគណនេយ្យភាព និងស្មារតីសន្សំសំចៃខ្ពស់ ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានទទួលយកនូវអនុសាសន៍ណែនាំ និងបានប្តេជ្ញាចិត្តដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តផែនការថវិកានេះឱ្យសម្រេចបានលទ្ធផលអតិបរមា ដើម្បីបម្រើផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង ។
ឯកឧត្តម បានជំរុញឱ្យទីចាត់ការជំនាញ នៃរដ្ឋបាលខេត្ត ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុក បន្តពង្រឹងការគ្រប់គ្រង និងប្រមូលចំណូលថវិការដ្ឋឱ្យមានប្រសិទ្ធភាព តម្លាភាព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ។
ឯកឧត្តម បានក្រើនរំលឹក និងណែនាំដល់កងកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការរដ្ឋបាលខេត្ត ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តវិធានការជំនាញយ៉ាងម៉ឺងម៉ាត់ ពង្រឹងកិច្ចប្រតិបត្តិការបង្ក្រាប បទល្មើសបច្ចេកវិទ្យា (Scams Online) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិតឱ្យអស់ពីដែនដីខេត្តត្បូងឃ្មុំ សំដៅធានាសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ ។
ឯកឧត្តម ឡុង ធាម បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគម្រោងថវិកាប្រកបដោយទំនួលខុសត្រូវ ។
ជាលទ្ធផល បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើទិដ្ឋភាពបច្ចេកទេសយ៉ាងល្អិតល្អន់ កិច្ចប្រជុំទាំងមូលបានសម្តែង ការឯកភាព និងអនុម័ត លើសេចក្តីព្រាងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ ២០២៧ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយរលូន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕ ទ្រា ខ្នោ





































No comments:
Post a Comment