( ត្បូងឃ្មុំ ): កូនត្រីពូជក្នុងស្រុកចំនួន ២១.០០០ ក្បាល ស្មើនឹង ១០៤ គីឡូក្រាម និងសត្វកន្ធាយអាសុីចំនួន ៣ ក្បាល បានលែងចូលទៅក្នុងអាងទឹកទំនប់ជាំតាហឹង ស្ថិតនៅក្នុងភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ ២០២៦ ដើម្បីប្រារពទិវាមច្ឆាជាតិ ១ កក្ដដា ២០២៦ រួមមាន ត្រីប្រាធំ ៣.៥00 ក្បាល ត្រីឆ្ពិន ៥.០០០ ក្បាល ត្រីក្រាញ់ ៥.០០០ ក្បាល ត្រីអណ្តែង ៥.០០០ ក្បាល និងត្រីកាហែ ២.៥០០ ក្បាល សត្វកន្ធាយអាស៊ី ចំនួន ៣ ក្បាល ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានថ្លែងការស្វាគមន៍ រាយការណ៍ថា ទិវាមច្ឆជាតិ ១ កក្កដា ត្រូវបង្កើតឡើងតាមអនុក្រឹត្យលេខ ៩៩ អនក្រ.បក (ឆ្នាំ ២០០២) និងច្បាប់ស្តីពីជលផល ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលប្រកបដោយនិរន្តរភាព ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបានថ្លែងថា «ទិវាមច្ឆជាតិ» គឺជាសកម្មភាពដ៏មានអត្ថន័យក្នុងការរួមចំណែកស្តារ និងអភិវឌ្ឍធនធានជលផល ដែលជាប្រភពអាហាររូបត្ថម្ភ និងជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិ ព្រមទាំងដើម្បីបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមអភិរក្សធនធានទាំងនេះ ប្រកបដោយនិរន្តរភាព ។ ការងារនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ខេត្តត្បូងឃ្មុំ មានតំបន់ដីសើម និងប្រព័ន្ធជីវចម្រុះប្រមាណ ៣០% នៃផ្ទៃដីខេត្តទាំងមូល ដែលទទួលរបបទឹកពីទន្លេមេគង្គ អំណោយផលយ៉ាងខ្លាំងដល់ការកកើតនៃមច្ឆជាតិ និងព្រៃលិចទឹក ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធរួមគ្នាលែងកូនត្រី និងវារីសត្វកម្រ ចូលទៅក្នុងប្រភពទឹកធម្មជាតិ អាងទឹក ស្រះសហគមន៍ និងស្រះវត្តអារាម ដើម្បីបង្កើនផលស្តុកត្រី ។ ទន្ទឹមនេះ ការចិញ្ចឹមត្រី ជាលក្ខណៈគ្រួសារ មធ្យម និងពាណិជ្ជកម្ម ក៏បានចូលរួមចំណែកក្នុងការបង្កើតប្រាក់ចំណូលបន្ថែម ដោយមានមន្ត្រីជំនាញជលផល និងមន្ត្រីកសិកម្មឃុំរង់ចាំផ្តល់បច្ចេកទេសជូនជាប្រចាំ និងត្រូវចូលរួមទប់ស្កាត់លុបបំបាត់បទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទ គ្រប់ទម្រង់ ដោយជំរុញឱ្យរដ្ឋបាលស្រុក-ឃុំ កងកម្លាំងមានសមត្ថកិច្ចអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការរួមគ្នាការពារ និងអភិរក្សពូជមច្ឆជាតិនាពេលនេះ គឺជាកត្តាស្នូលក្នុងការបង្កើនផលស្តុកត្រីធម្មជាតិឡើងវិញ សម្រាប់បំពេញតម្រូវការទទួលទានប្រចាំថ្ងៃ ធានានូវសន្តិសុខស្បៀងអាហារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ៕ ទ្រា ខ្នោ



































No comments:
Post a Comment