( ត្បូងឃ្មុំ ): លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៦ បានរៀបចំបើកកិច្ចប្រជុំស្ដីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ។
លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានលើកឡើងថា ការប្រឡងបាក់ឌុបជាព្រឹត្តិការណ៍ជាតិដ៏សំខាន់ ដែលទាមទារឲ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ អង្គភាព ACU ក្រុមគ្រូពេទ្យ និង ស.ស.យ.ក. ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ «ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន» ព្រមទាំងរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។
លោកប្រធានមន្ទីរ បានគូសបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម្រាប់សម័យប្រឡង ១០ សីហា ២០២៦ នេះ ខេត្តត្បូងឃ្មុំ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ៦.១៩២ នាក់ (ស្រី ៣.៦២៣ នាក់) ចែកចេញជា ១០ មណ្ឌល (ស្មើនឹង ២៤៨ បន្ទប់) រួមមាន ថ្នាក់វិទ្យាសាស្ត្រ មាន ៣ មណ្ឌល (៦១ បន្ទប់) បេក្ខជនសរុប ១.៥១៧ នាក់ ។ មណ្ឌលប្រឡងរួមមាន វិទ្យាល័យ ហ៊ុន សែន ចារថ្មី សាកលវិទ្យាល័យ ហេង សំរិនត្បូងឃ្មុំ និងបឋមសិក្សា ស ខេង ខ្នារ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៧ មណ្ឌល (១៨៧ បន្ទប់) បេក្ខជនសរុប ៤.៦៧៥ នាក់ មណ្ឌលប្រឡងរួមមាន វិទ្យាល័យសម្តេច ហ៊ុន សែន សួង បឋមសិក្សាប្រជាកុមារ សួង អនុវិទ្យាល័យរស្មីកុមារ បឋមសិក្សា ៧ មករា វិទ្យាល័យសម្តេចម៉ែ វិទ្យាល័យ ហ៊ុន សែន ខ្នារ និងវិទ្យាល័យតេជោសែន ត្បូងឃ្មុំ ដំណើរការប្រឡងនេះ នឹងត្រូវត្រួតពិនិត្យយ៉ាងម៉ឹងម៉ាត់ដោយគណៈកម្មការ និងអ្នកសង្កេតការណ៍សរុប ១.០៧៥ នាក់ ក្នុងនោះមានតំណាង ACU ចំនួន ១៦៧ នាក់ ចូលរួមសង្កេតការណ៍ផ្ទាល់នៅតាមមណ្ឌលនីមួយៗ ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ ដើម្បីជាការចូលរួមលើកកម្ពស់តម្លាភាព និងយុត្តិធម៌ ស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់» របស់ក្រសួងអប់រំ រដ្ឋបាលខេត្ត បានចាត់តាំងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យពង្រាយកម្លាំងការពារយ៉ាងម៉ឺងម៉ាត់ ព្រមទាំងជួយសម្រួលចរាចរណ៍ជុំវិញមណ្ឌលប្រឡងផងដែរ ។
លោក ហួរ ដាឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រចាំមណ្ឌលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការចូលរួមរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺដើម្បីធានាបាននូវគោលការណ៍ ភាពស្អាតស្អំ តម្លាភាព និងយុត្តិធម៌ អ្នកសង្កេតការណ៍ និងក្រុមការងារ ACU ប្រចាំមណ្ឌល មានតួនាទីត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើគ្រប់ដំណាក់កាល ដោយមិនលម្អៀង និងប្រកាន់ខ្ជាប់នូវបទបញ្ជាផ្ទៃក្នុង ។
លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងណែនាំពីសមាសភាពប្រធាន អនុប្រធានមណ្ឌល និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយទាំងអស់ ដែលទទួលបន្ទុកតាមមណ្ឌលប្រឡងនានាក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្ដល់អនុសាសន៍សំខាន់ៗដល់គណៈមេប្រយោគទាំងអស់សម្រាប់ដំណើរការការងារ សំដៅធានាឱ្យបាននូវដំណើរការនៃការប្រឡងប្រកបដោយតម្លាភាព យុត្តិធម៌ ការគោរពតាមគោលការណ៍ច្បាប់ និងលទ្ធផលទទួលយកបាន ។
លោកជំទាវ បានគូសបញ្ជាក់ថា ការប្រឡងត្រូវតែប្រកាន់ខ្ជាបនូវគោលការណ៍ទាំង៤ គឺ៖ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមទិសស្លោករបស់ក្រសួង «អ្នកចេះ គឺប្រឡងជាប់» បន្ថែមលើនេះ លោកជំទាវក៏បានថ្លែងការកោតសរសើរចំពោះកិច្ចសហការរវាងរដ្ឋបាលខេត្ត បុគ្គលិកអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានរួមគ្នាជំរុញកំណែទម្រង់ការប្រឡងឱ្យសម្រេចបានជោគជ័យជាបន្តបន្ទាប់ ជាពិសេសការលុបបំបាត់វប្បធម៌អវិជ្ជមាន និងការផ្លាស់ប្ដូរឥរិយាបថសិស្សឱ្យខិតខំរៀនសូត្រពិតប្រាកដ ។
លោកជំទាវ សឿ សុជាតា បានថ្លែងការលើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកការប្រឡងឆ្នាំនេះទាំងអស់ ឱ្យបន្តខិតខំបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព ដើម្បីជំរុញឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តទៅប្រកបដោយភាពរលូនជោគជ័យ។ ព្រមជាមួយគ្នានេះ លោកជំទាវក៏សូមជូនពរឱ្យក្រុមការងារទាំងអស់មានសុវត្ថិភាព សុខភាពល្អ និងទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ចដ៏សំខាន់នេះ ដើម្បីរួមចំណែកពង្រឹងគុណភាពធនធានមនុស្សកម្ពុជាឱ្យកាន់តែរឹងមាំ ៕ និពន្ធនាយក អ៊ូ បុប្ផា

































No comments:
Post a Comment