( ត្បូងឃ្មុំ ): ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយប្រតិភូក្រសួង លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ មន្រ្ដីបច្ចេកទេស បានអញ្ជើញទៅពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវជនបទ ចំនួន ៣ ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដែលរងការខូចខាត និងត្រូវជួសជុលបន្ទាន់ស្ថិតក្នុងខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦ ។
ផ្លូវប្រភេទក្រាលកៅស៊ូពីរជាន់ ទាំង ៣ ខ្សែ រួមមាន ខ្សែទី ១ នៅភូមិខ្នុរ-ស្រែវែង មានប្រវែង ២២ គីឡូម៉ែត្រ តភ្ជាប់ពីភូមិខ្នុរ ឃុំនាងទើត ទៅភូមិស្រែវែង ឃុំទឹកជ្រៅ និងបន្តទៅរមណីយដ្ឋានទឹកធ្លាក់ហោង នៃភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ខ្សែទី ២ ផ្លូវ ចុងជាច-បង្ហើរខ្លែង មានប្រវែង ១១ គីឡូម៉ែត្រ តភ្ជាប់ពីទីប្រជុំជន ឃុំចុងជាច ទៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ខ្សែទី ៣ ផ្លូវ ស្ទឹង-គោកចារ មានប្រវែង ២២,៦៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ទៅភ្ជាប់នឹងផ្លូវជាតិលេខ ៧៣ ត្រង់ភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមរដ្ឋមន្ដ្រី ដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះត្រួតពិនិត្យផ្លូវនាឱកាសនោះ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងនូវទំហំនៃការទទួលរងការខូចខាត ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ។
តាមការពិនិត្យជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ដ្រី បានចង្អុលបង្ហាញដល់នាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ពិនិត្យលទ្ធភាពដាក់បញ្ចូលខ្សែផ្លូវទាំង ៣ ខ្សែនេះ ទៅក្នុងផែនការស្ដារឡើងវិញ ឬផែនការថែទាំខួប ផ្អែកតាមស្ថានភាពជាក់ស្តែងនាឆ្នាំបន្ទាប់ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕ ខ្លីខ្លី




























No comments:
Post a Comment