( ខេត្តរតនគិរី ): ទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានក្រុមប្រជាពលរដ្ឋសម្រុកចូលវាយកម្ទេច និងដុតបំផ្លាញនារសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦ នេះ ក្រោយមានករណីពលរដ្ឋម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលភាគីពលរដ្ឋអះអាងថាបណ្តាលមកពីការដេញចាប់របស់មន្ត្រីឧទ្យានុរក្ស ។
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ចំនួន៣រូប និងអ្នកល្បាតស្ម័គ្រចិត្ត១រូប បានចុះល្បាតនៅចំណុចព្រៃមាស ស្ថិតក្នុងភូមិថ្មី(ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់។ ក្នុងពេលចុះល្បាត ក្រុមការងារបានពិនិត្យឃើញប្រជាពលរដ្ឋប្រមាណ ៨០នាក់ កំពុងប្រមូលផ្តុំជីករ៉ែមាសខុសច្បាប់ ដោយបានត្រឹមធ្វើការអប់រំណែនាំឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ ។
លុះដល់ពេលរសៀលថ្ងៃដដែល មានដំណឹងអកុសលថា ពលរដ្ឋម្នាក់ដែលរស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានជិះម៉ូតូដួលស្លាប់ពេលកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានលើកឡើង និងចោទប្រកាន់ថា មន្ត្រីឧទ្យានុរក្សបានដេញចាប់ និងមានផ្ទុះអាវុធ ទើបបង្កឱ្យជនរងគ្រោះជិះម៉ូតូដួលបាត់បង់ជីវិត ។
ទោះជាយ៉ាងណា ភាគីមន្ត្រីឧទ្យានុរក្សបានច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់យ៉ាងច្បាស់ថា ពួកខ្លួនមិនបានដេញចាប់ និងមិនមានការផ្ទុះអាវុធណាមួយកើតឡើងនោះឡើយ គឺគ្រាន់តែបានអប់រំណែនាំតាមវិជ្ជាជីវៈប៉ុណ្ណោះ ។
ផ្តើមចេញពីការសង្ស័យ និងកំហឹងជុំវិញការស្លាប់នេះ នៅវេលាម៉ោង៤រសៀល ប្រជាពលរដ្ឋមកពីភូមិរយ៉បានលើកគ្នាជាច្រើននាក់ ទៅវាយកម្ទេច និងដុតបំផ្លាញទីស្នាក់ការរងស្រែជ្រៃតែម្តង ៕







No comments:
Post a Comment