( ត្បូងឃ្មុំ ): សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ១៨ វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅវត្តគីរីសុវណ្ណរាម (ហៅវត្តថ្កូវ) ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ដោយមានការអញ្ជើញអមដំណើរពី ឯកឧត្តម វង សូត អនុប្រធានទី ២ នៃរដ្ឋសភា និងលោកជំទាវ, ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រ, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង បី ប្រភេទ ប្រធានពន្ធនាគារខេត្ត ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។
ពិធីបុណ្យចូលព្រះវស្សាដែលមានរយៈពេលបីខែ តែងតែចូលមកដល់នៅថ្ងៃ ១ រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥ កើត ខែអស្សុជ ។ ការចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម ក្នុងគោលបំណងសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ ។ ដើម្បីចូលរួមទ្រទ្រង់ដល់ព្រះសង្ឃក្នុងរយៈពេលបីខែនេះ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ជីវរ សំពត់ស្លាដក និងគ្រឿងសម្ភារផ្សេងៗទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម ។
ក្នុងឱកាសនោះ សម្តេចចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំង ឯកឧត្តម វង សូត និងលោកជំទាវ បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួនដល់វត្តទាំង ១៨ ក្នុងស្រុកពញាក្រែក ដោយក្នុងមួយវត្តៗទទួលបាន ទៀនព្រះវស្សា ១ គូ អង្ករ ១០០ គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់កសាងចំនួន ១ លានរៀល ។ ដោយឡែក យាយជី តាជីចំនួន ១០០ នាក់ ក្នុងម្នាក់ៗទទួលបានប្រេងកូឡា ១ ប្រអប់ និងថវិកាចំនួន ២ ម៉ឺនរៀល ។
ឯកឧត្តម វង សូត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រគេន និងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ ។
ឯកឧត្តមក៏បានលើកឡើងថា ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសាមគ្គីភាពជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនា ដែលបន្តទទួលបានការយកចិត្តទុកដាក់ និងរីកចម្រើនជាបន្តបន្ទាប់ ។
ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ជាពិសេសភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា នៅពេលមានហេតុការណ៍អាសន្នណាមួយកើតឡើង ៕ ទ្រា ខ្នោ















No comments:
Post a Comment