www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, July 31, 2026

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធី «រុក្ខទិវា ៩ កក្កដា» ឆ្នាំ ២០២៦



( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញអរសាទរ «រុក្ខទិវា ៩ កក្កដា» ដើម្បីបន្តបង្កើតគម្របបៃតង និងភាពសុខដុមរមនាក្នុងខេត្តត្បូងឃ្មុំ នាបរិវេណសាលាបុណ្យ ទល់មុខសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន បេង កោង ស្ថិតក្នុងភូមិបេងកោង ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត ព្រមទាំងលោក-លោកស្រី នាយក នាយករង រដ្ឋបាលខេត្ត ទីចាត់ការ ចំណុះឲ្យរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាព រួមនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កាយរឹទ្ធិ កាកបាទក្រហម ស.ស.យ.ក. និងប្រជាពលរដ្ឋ ។



លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានថ្លែងការស្វាគមន៍ និងលើកឡើងពីប្រវត្តិសាស្ត្រនៃ «រុក្ខទិវា» ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥២ ក្រោមព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ក្នុងសម័យសង្គមរាស្ត្រនិយម ក្នុងស្មារតីបណ្ដុះផ្នត់គំនិតប្រជាពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមថែរក្សាព្រៃឈើ។ ដែលស្មារតីនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបន្តវេន និងប្រារព្ធឡើងវិញយ៉ាងសកម្មចាប់តាំងពីឆ្នាំ ១៩៩២ មក ។




លោកប្រធានមន្ទីរបានបន្ថែមថា សម្រាប់ឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្តបានរៀបចំដាំកូនឈើប្រណិតចម្រុះ មានដូចជា គ្រញូង បេង ធ្នង់ និងនាងនួន ចំនួន ៤១៦ ដើម លើផ្ទៃដី ១,៥ ហិកតា និងបានចែកជូនប្រជាពលរដ្ឋយកទៅដាំបន្តចំនួន ៨០ ដើម ។ ចំពោះលទ្ធផលកន្លងទៅ ក្នុងឆ្នាំ ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើបានបណ្តុះ និងចែកចាយកូនឈើបាន ២៨.០០០ ដើម ដាំលើផ្ទៃដីប្រមាណ ៤០ ទៅ ៤៥ ហិកតា ផងដែរ ។



ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានមានប្រសាសន៍ថា ពិធី «រុក្ខទិវា» មិនមែនត្រឹមជាពិធីដាំដើមឈើធម្មតានោះទេ ប៉ុន្តែជាមរតកវប្បធម៌ និងជាការបំផុសស្មារតីស្រឡាញ់ធម្មជាតិ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។

 

ឯកឧត្តមបានរំលឹកថា ពិធីនេះធ្លាប់ត្រូវបាត់បង់ទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយត្រូវរៀបចំឱ្យមានឡើងវិញនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ១៩៨៤ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។ ឯកឧត្តមបានលើកឡើងថា «បើគ្មានសន្តិភាព ក៏គ្មានការដាំដុះ និងការអភិវឌ្ឍដែរ» ដោយបានរំលឹកផងដែរថា ស្រុកមេមត់ ដែលធ្លាប់ជាសមរភូមិក្តៅពោរពេញដោយគ្រាប់មីន បានប្រែមុខមាត់ទៅជា «តំបន់មាស» នៃវិស័យកសិកម្ម ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន ។



ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១» ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព និងការការពារ «បូរណភាពបរិស្ថាន» ។ សម្រាប់ខេត្តត្បូងឃ្មុំ ការដាំដើមឈើមានសារសំខាន់ណាស់ក្នុងការការពារដីកសិកម្ម លើកកម្ពស់សោភ័ណភាព និងរួមចំណែកសម្រេចឱ្យបាននូវគោលដៅបង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ ២០៥០ ។


ឯកឧត្តម ប៉ែន កុសល្យ បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញ ត្រូវបន្តពង្រឹងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីព្រៃខុសច្បាប់ និងបន្តផលិតកូនឈើឱ្យបានច្រើនសម្រាប់ចែកចាយ ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យឈប់កាប់បំផ្លាញព្រៃឈើ ឈប់បរិភោគសាច់សត្វព្រៃ ហើយងាកមកចូលរួមដាំដើមឈើហូបផ្លែ ឬឈើប្រណីតនៅតាមគេហដ្ឋាន និងចម្ការ ។ លើសពីនេះ ត្រូវបន្តជម្រុញចលនា «សាលាបៃតង» និង «វត្តបៃតង» នៅតាមសាលារៀន និងវត្តអារាម ព្រមទាំងដាំដើមឈើនៅតាមរោងចក្រ សហគ្រាស ដើម្បីជានិមិត្តរូបនៃអាជីវកម្មបៃតង ។



ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សថា «ការដាំឈើ គឺជាការដាំក្តីសង្ឃឹម» និងបានដឹកនាំការដាំកូនឈើជានិមិត្តរូប ក្រោមស្មារតី «មនុស្សម្នាក់ ដាំដើមឈើឱ្យបានយ៉ាងតិចមួយដើម» ដើម្បីបន្សល់ទុកជាបេតិកភណ្ឌបៃតងដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ៕ ទ្រា ខ្នោ








































No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages